ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដែលនិស្សិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាញនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់ការសិក្សានៃឆ្នាំសិក្សា២០២៥ ក្នុងនោះរួមមាននិស្សិតកម្រិតបរិញ្ញាបត្រជំនាន់ទី១១ ចំនួន ២៤២នាក់ និងនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ចំនួន១៤នាក់។

កម្មវិធីប្រគល់សញ្ញាបត្រ ត្រូវបានប្រារព្ធឡើងក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានលោកជំទាវ ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី និងវាគ្មិនកិត្តិយស លោក លីវ ជីនចេង នាយកប្រតិបត្តិរង នៃធនាគារសហពាណិជ្ជ ក.អ (Union Commercial Bank Pls-UCB)ព្រមទាំងវត្តមានគណៈគ្រប់គ្រងរួមមានលោកបណ្ឌិត ប៊ូឡាត់ អាក់ម៊ែដខារីម៊ូវ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សាស្ត្រាចា្យ បុគ្គលិក និស្សិត និងមាតាបិតា អាណាព្យាបាលនិស្សិតជាច្រើនរូបទៀត។

លោកបណ្ឌិត ប៊ូឡាត់ អាក់ម៊ែដខារីម៊ូវ បានមានមតិបើកកម្មវិធីជាមួយនឹង ការអបអរសាទរនិស្សិតដែលបានបញ្ចប់ការសិក្សា និងការប្រកាសមុខជំនាញថ្មីៗដែលសាកលវិទ្យាល័យនឹងបើកឆាប់ៗនេះរួមមាន មុខជំនាញការរចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ មុខជំនាញសេដ្ឋកិច្ច មុខជំនាញគណិតវិទ្យា និងចិត្តវិទ្យាផងដែរ។ ក្នុងពេលជាមួយគ្នានេះ លោកបណ្ឌិតក៏បានបន្ថែមថា “សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក៏នឹងដាក់ពាក្យស្នើរសុំអាជ្ញាប័ណ្ណសម្រាប់កម្មវិធីសិក្សាថ្មីចំនួនបីទៀតដែលមានសក្ដានុពលរួមមាន ស្ថាបត្យកម្មផ្ទៃខាងក្នុង ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងវិទ្យាសាស្ត្របរិស្ថាន។”

តាំងនាមឱ្យប្រធានប្រឹក្សាភិបាលនៃក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី លោកជំទាវ ជា សុផាកន្នី បានលើកឡើងអំពីសិមិទ្ទផលរបស់សាកលវិទ្យាល័យកន្លងមក និងការទទួលបានសិទ្ធកម្មវិធីសិក្សាដែលមានឈ្មោះថា Scottish Qualifications Authority សម្រាប់និស្សិតដែលចង់បន្តការសិក្សាទៅសាកលវិទ្យាល័យនៅក្រៅប្រទេសដែលជាដៃគូរបស់ SQA។

ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវមនោសញ្ចេតនាអំណរសាទរ ដ៏ជ្រាលជ្រៅទៅកាន់និស្សិតផងដែរ ដោយបានមានប្រសាសន៍ថា “ថ្ងៃនេះ ជារបត់ថ្មីមួយ ហើយជារបត់ដែលមិនអាចបកក្រោយ នៃជិវិតរបស់និស្សិតជ័យលាភីគ្រប់រូប ព្រោះនេះជាការចាប់ផ្ដើមក្នុងការសម្រេចចិត្តដ៏ធំធេង ការប្រែក្លាយសុបិន្តជាការពិត និងការចាប់យកអនាគតមួយដែលកំណត់រូបរាងយើងដោយខ្លួនយើងផ្ទាល់។” ក្នុងការសំណេះសំណាលនេះ ឯកឧត្ដម បានចែករំលែកនូវដំបូន្មានពីរចំនុចសំខាន់ៗទៅកាន់និស្សិតផងដែរ៖
ទី១. ការជ្រើសរើស ឬកសាងផ្លូវមួយដែលត្រូវតែដើរ គឺប្រសើរជាងការអង្គុយរង់ចាំផ្លូវដែលត្រូវដើរមួយកើតឡើងសម្រាប់ខ្លួនយើង។
ទី២. ការវិនិយោគជាប់ជាប្រចាំលើជំនាញ និងបទពិសោធន៍ គឺតែងតែប្រសើរជាងការទាមទារតំណែង។

ក្នុងកម្មវិធីប្រគល់សញ្ញាបត្រនេះ សាកលវិទ្យាល័យក៏បានអញ្ចើញវាគ្មិនកិត្តិយស លោក លីវ ជីនចេង នាយកប្រតិបត្តិរង នៃធនាគារសហពាណិជ្ជ ក.អ ផងដែរ ដែលលោកបានចែករំលែកអំពីបទពិសោធន៍ការសិក្សា និងដំណើរអាជីពរបស់លោកតាំងពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រកាលពី២៥ឆ្នាំមុនម្ល៉េះ។ លោកបានបញ្ចប់ការសំណះសំណាល ជាមួយនឹងការជំរុញនិស្សិតគ្រប់រូបដាក់គោលដៅជិវិតឱ្យមានមហិច្ចតាខ្ពស់ បើទោះបីជាគោលដៅនោះជា “Crazy Goal” ក៏ដោយ។
បន្ទាប់អំពីការសំណេះសំណាលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានផ្ដល់ជាប័ណ្ណសរសើរបន្ថែមពីលើសញ្ញាបត្របញ្ចប់ការសិក្សា ជូនទៅដល់និស្សិតឆ្នើមពីររូបដែលទទួលបានពិន្ទុខ្ពស់បំផុតក្នុងចំណោមនិស្សិតទាំងអស់មកពីគ្រប់ជំនាញ។ និស្សិតទាំងពីររូបមានឈ្មោះថា ប៊ុល ឧត្ដម មកពីដេប៉ាត់ម៉ង់គ្រប់គ្រងប្រព័ន្ធព័ត៌មាន និង និស្សិត ឡុង ហុកសេង មកពីដេប៉ាត់ម៉ង់ភស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។


និស្សិតប៊ុល ឧត្ដម ដែលជានិស្សិតឆ្នើមទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា២០២៥ បានបង្ហាញការអបអរសាទរដល់មិត្តសិក្សារួមជំនាន់ និងបានថ្លែងក្នុងសុន្ទរកថាក្នុងអង្គពិធីថា៖ «ខ្ញុំសង្ឃឹមថា ក្រោយពីដំណាក់កាលបញ្ចប់ការសិក្សាមួយនេះ អ្នកទាំងអស់គ្នាអាចចាប់ផ្តើមប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ទាំងអស់ដែលអ្នកទទួលបានប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីបន្តសម្រេចនូវអ្វីដែលអ្នកចង់បានពិតប្រាកដ។ ពិតណាស់ យើងទាំងអស់គ្នាមិនអាចធ្វើអ្វីដែលយើងចង់បានភ្លាមៗនោះទេ ខ្ញុំជឿជាក់ថាយើងទាំងអស់គ្នាមានកាតព្វកិច្ច និងទំនួលខុសត្រូវមួយចំនួន ដែលត្រូវបំពេញជាមុនសិន។ ប៉ុន្តែយ៉ាងហោចណាស់សូមរក្សាទុកនូវចំណុចនេះក្នុងចិត្តរបស់អ្នក: តើអ្នកប្រាថ្នាចង់បានអ្វី?»
និស្សិត ប៊ុល ឧត្ដមបានបញ្ចប់សុន្ទរកថាដោយបានផ្ដល់ការថ្លែងអំណរគុណដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានជួយបណ្ដុះបណ្ដាល បង្ហាត់បង្រៀន និងជួយតម្រង់ជំនាញដែលនិស្សិតគ្រប់រូបកបានជ្រើសរើសសិក្សា ក្នុងរយៈពេលបួនឆ្នាំមកនេះ បញ្ចប់បានដោយជោគជ័យ ក្នុងសមិទ្ធផលមួយដ៏ត្រចះត្រចង់។

គួរជម្រាបជូនថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាស្ថាប័នអប់រំកម្រិតឧត្តមសិក្សា ស្ដង់ដារអន្តរជាតិឈានមុខមួយក្នុងចំណោមស្ថាប័នអប់រំឈានមុខដទៃទៀតនៅកម្ពុជា ដែលបានបណ្តុះបណ្តាលមូលធនយុវជន យុវនារី និងបញ្ញាវន្តកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ ដែលក្នុងនោះមានកម្រិតបញ្ញាបត្រចំនួន១១ជំនាន់ ចំណែកកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥ជំនាន់។
គិតត្រឹមឆ្នាំសិក្សា២០២៥ សាកលវិទ្យាល័យអន្តជាតិ ផារ៉ាហ្គន ផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញចំនួន១២ ក្នុងកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៤ ក្នុងនោះមាន៖
- មហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញ ស្ថាបត្យកម្ម, វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។
- មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញរចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។
- មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ និងភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។
- មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្រ្ត រួមមាន ជំនាញគណិតវិទ្យា។
ចំណែក ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិញ រួមមានជំនាញចំនួន៥ គឺ
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការដឹកនាំការអប់រំ
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ
- បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ។